ដើម្បីរួមចំណែកសាងសង់អគារសិក្សាថ្មីកម្ពស់ ៩ជាន់ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យតំណាងនាំយកថវិកាចំនួន ១០០.០០០ដុល្លារ (ដប់ម៉ឺនដុល្លារអាម៉េរិក) ថ្វាយ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលពិធីនេះធ្វើឡើងនៅវត្តបទុមវតីរាជវរារាម គណៈធម្មយុត្តិកនិកាយ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើក្រាបបង្គំទូលថ្វាយសួរសុខទុក្ខ និងថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតចំពោះព្រះរាជហឫទ័យដ៏ថ្លៃថ្លារបស់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ដែលបានរួមចំណែកលើកស្ទួយវិស័យអប់រំនៅព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែរីកចម្រើន តាមរយៈការប្រោសព្រះរាជទាននូវអាហារូបករណ៍ដល់និស្សិតក្រីក្រ បានសិក្សារៀនសូត្រនៅក្នុងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។ ជាក់ស្តែង សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បានប្រទានដល់កាកបាទក្រហមកម្ពុជា ជារៀងរាល់ឆ្នាំ នូវអាហារូបករណ៍ ១០០% សម្រាប់ផ្តល់ជូននិស្សិត យុវជនកាកបាទក្រហមកម្ពុជា បានការសិក្សាថ្នាក់បរិញ្ញាបត្រផងដែរ។

ជាមួយគ្នានេះ លោកជំទាវអគ្គលេខាធិការរងទី១ និងសហការីនៃកាកបាទក្រហមកម្ពុជា សូមថ្វាយព្រះពរ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះសង្ឃ ព្រះសង្ឃគ្រប់ព្រះអង្គ សូមមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីបន្តទ្រទ្រង់វិស័យព្រះពុទ្ធសាសនាឱ្យបានគង់វង្ស រីកចម្រើនតរៀងទៅ។

សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជហឫទ័យសោមនស្សរីករាយយ៉ាងក្រៃលែងជាទីបំផុត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានឧបត្ថម្ភថវិកាសម្រាប់សាងសង់នូវអគារសិក្សាថ្មីកម្ពស់ ៩ជាន់ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។ 

សម្តេច បានមានព្រះរាជបន្ទូលថា «ចំពោះការសាងសង់អគារសិក្សាថ្មីនេះ សម្តេច សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកៀរគរចលនាពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលនេះបានបង្ហាញពីភាពសុខដុមរមនា សាមគ្គីភាព រួមរស់ជាមហាគ្រួសារខ្មែរ ក្រោមម្លប់នៃសន្តិភាព ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសក្រោមម្លប់ដ៏កក់ក្តៅរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា»។

ជាមួយគ្នានេះ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី បានមានព្រះរាជបន្ទូលផងដែរថា «ព្រះរាជាណាចក្រកម្ពុជាយើងក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ ម៉ឺងម៉ាត់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើឱ្យប្រទេសយើងមានសុខសន្តិភាព មានការអភិវឌ្ឍរុងរឿង ហើយថ្មីៗនេះទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងលើកមុខមាត់កម្ពុជាយើងឱ្យមានភាពល្បីល្បាញក្នុងឆាកអន្តរជាតិ ជាក់ស្តែងកម្ពុជាយើងទទួលបានជោគជ័យយ៉ាងធំធេងក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២នេះ»។

តាមរយៈអំណាចនៃបុណ្យដែលបានធ្វើនៅថ្ងៃនេះ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី បានប្រោសព្រះរាជទានពរចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សូមប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

បន្ទាប់ពីកម្មវិធីថ្វាយថវិកាខាងលើនេះ លោកជំទាវ ម៉ែន នារីសោភ័គ និងសហការី បានអញ្ជើញទស្សនកិច្ចពីវឌ្ឍនភាពនៃការសាងសង់អគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញផងដែរ៕


You may also like