ភ្នំពេញ ៖ ក្រុមការងារជំនាញកំពុងសាកល្បងលើម៉ាស៊ីនកម្មវិធីកាត់ពិន្ទុលើបណ្ណបើកបរ ដោយទទួលបានជោគជ័យ ១០០ភាគរយ ទៅលើការដកពិន្ទុលើបណ្ណបើកបរចំពោះអ្នកប្រព្រឹត្តបទល្មើសចរាចរណ៍ ហើយគ្រោងនឹងទិញបន្ថែម២៥០គ្រឿងទៀត ខណៈបច្ចុប្បន្ន ក្រសួងមានចំនួន៥០គ្រឿង ដើម្បីផ្តល់ដល់មន្ត្រីនគរបាលចរាចរណ៍ បន្ទាប់ពីកម្មវិធីកាត់ពិន្ទុ តាមរយៈកម្មវិធីទូរស័ព្ទដៃស្មាតហ្វូនបានដំឡើងរួចរាល់ដែលក្រសួងបានសហការ ជាមួយអគ្គស្នងការនគរបាលជាតិ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈនេះថា ការសាកល្បងនេះ កំពុងទទួលបានជោគជ័យ ១០០ភាគរយ ហើយការអនុវត្តពេញលេញ ទៅលើកម្មវិធីកាត់ពិន្ទុចំពោះអ្នកប្រព្រឹត្តបទល្មើសចរាចរណ៍ នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះហើយ ដើម្បីពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក សំដៅឈានទៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅទាបបំផុត។

សូមបញ្ជាក់ថា យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានកំណត់ឱ្យគ្រប់បណ្ណបើកបរ ត្រូវមានពិន្ទុសរុប១២ពិន្ទុ ហើយចំនួនពិន្ទុនេះ ត្រូវកាត់បន្ថយទៅតាមស្ថានភាពនៃការប្រព្រឹត្តបទល្មើសចរាចរណ៍ ចាប់ពី១ពិន្ទុដល់៦ពិន្ទុ ហើយក្នុងករណីអស់ពិន្ទុ គឺបណ្ណបើកបរត្រូវទុកជាមោឃៈ បើអ្នក បើកបរចង់បានបណ្ណបើកបរថ្មី ត្រូវរៀននិងប្រឡងយកបណ្ណបើកបរឡើងវិញ ក្នុងរយៈពេលយ៉ាងតិច៦ខែ គិតចាប់ពីថ្ងៃដែល បណ្ណបើកបរត្រូវទុកជាមោឃៈ។ កម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោកអាចចាប់យករូបភាពយានយន្ត ដែលបើកបរល្មើសនឹងច្បាប់ ដោយការស្កេនលើបណ្ណបើកបរដើម្បីកាត់បន្ថយពិន្ទុចំពោះអ្នកបើកបរយានយន្តខុសច្បាប់ទៅតាមស្ថានភាពនៃបទល្មើសដូចជា៖ មិនពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង ផ្ទុកមនុស្សលើសកំណត់ ឬល្មើសភ្លើងសញ្ញា ជាដើម៕


You may also like